តុលាការផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសដាក់ពន្ធនាគាររយះពេល១៥ឆ្នាំ

ភ្នំពេញ៖ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ត្រូវបានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយះពេល១៥ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅជនរងគ្រោះចំនួន២០០លានរៀល ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤កន្លងទៅ។

សូមជម្រាបថា លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបាននគរបាលចាប់បញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរភ្លាមៗ បន្ទាប់ពីតុលាការផ្តន្ទាទោសនិងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ខណៈដែលរូបលោក គឺជាជនជាប់ចោទនៅក្រៅឃុំ។

គួររំលឹកថា ជនជាប់ចោទឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានអះអាងថា កាលពីអំឡុងឆ្នាំ២០០៤ ឈ្មោះអ៊ីស្មាអែល ពិនឧស្ម័ន បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួនត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយទទួលបានប្រាក់ឈ្នួល ២២០ដុល្លារក្នុង១ខែ ចំពោះឯកសារបែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយមុនទាំអស់។

ក្រោយមកឈ្មោះអ៊ីស្មាអែល ពិនឧស្ម័ន បាននាំជនរងគ្រោះ ជាបន្តបន្ទាប់ប្រគល់ឲ្យឈ្មោះ អះម៉ាត់ យ៉ះយ៉ា ហើយនៅពេលនោះ ជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណ បញ្ចូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រាកដមែន។

នៅពេលទៅដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះមួយចំនួន ត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយជនរងគ្រោះខ្លះត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ទៅថៅកែទី២ ក្នុងតម្លៃ២០,០០០ដុល្លារតៗគ្នាឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅរហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧៕