បាត់ខ្លួន៤ថ្ងៃ បែរជាប្រទះឃើញ ចង.កសម្លាប់ហើមស្អុយទៅហើយ នៅលើដើមស្តៅក្នុងដីឡូត៍មួយកន្លែង

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយសាច់ញាតិនិងប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួន ជាប់ចុងដើមស្តៅ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ អឹុម ចាន់ប្រសេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (មានជំងឺសសៃប្រសាទ) រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ប្អូនរបស់គាត់ជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន ធ្លាប់បញ្ជូនទៅបន្សាបគ្រឿងញៀនផងដែរ តែមិនកែសោះ នៅតែអុកឡុកគ្រួសាររហូត លុះប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះបានបាត់ខ្លួនចេញពីផ្ទះ ៤ថ្ងៃមកហើយ ផ្អើលដល់សាច់ញាតិនិងបងប្អូនប្រជាពលរដ្ឋ នាំគ្នាដើររកមើលដែរ តែរកមិនឃើញនោះទេ ស្រាប់នៅថ្ងៃកើតហេតុ ក៏ប្រទះឃើញស្លាប់ដោយការចង.កធ្វើអត្តឃាតខ្លួនឯង នៅលើដើមស្តៅកនុងដីឡូត៍មួយកន្លែង ស្លាប់ហើមស្អុយរលួយបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ បានសហការជាមួយនគរបាលជំនាញខណ្ឌចំការមន ចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា ពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕