តុលាការឃុំខ្លួនលោក សួន សេរីរដ្ឋា ជាបណ្តោះអាសន្ន

រាជធានីភ្នំពេញ ៖ លោកលី សុផាណា ជាអ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់អ្នកសារពត៌មានថា
(បន្ទាប់ពីបានសាកសួរ ពិនិត្យសំណុំរឿង និងប្រាប់ពីសិទ្ធិរបស់ជនជាប់ចោទនៅក្នងសវនាការ ចៅក្រមជំនុំជម្រះបាន សម្រេចបន្តសវនាការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយសារជនជាប់ចោទស្នើសុំរកមេធាវីការពារក្តីអោយខ្លួន ហើយចៅក្រមបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា ដើម្បីរក្សាទុកជូនតុលាការជំនុំជម្រះ)។

ជនជាប់ចោទ សួន សេរីរដ្ឋា ត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ពីបទ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ សួន សេរីរដ្ឋា ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបាន បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានន័យ ប្រមាថមាក់ងាយ ដល់នាយទាហាន និងបងប្អូនកងទ័ពនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃ ទី១២ សីហា ឆ្នាំ២០១៧។

ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់បានបង្ហោះសារមួយដោយមានខ្លឹមសារថា (កិច្ចការពារខឿនការពារជាតិ គឺជាភារកិច្ចចំបងបំផុតរបស់ប្រទេសនីមួយៗ! ជនដែលមានចេតនាបំផ្លាញកិច្ចការពារជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ទោះប្រទេសណាក៏ ដោយ!ការញុះញង់អោយកងទ័ពមិនស្តាប់បញ្ជា ឬធ្វើអោយកងទ័ពបាក់ទឹកចិត្តគឺជាការបំផ្លាញកិច្ចការពារជាតិដែលនាំអោយមានការប៉ះពាល់ដល់សន្តិសុខរដ្ឋ! អំពើនេះគឺជាអំពើ ល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា! ទង្វើរបស់លោក សួន សេរីរដ្ឋា គឺជាអំពើល្មើសជាក់ស្តែងដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេដែលសមត្ថកិច្ចមានចំណាត់ការ លើរឿងនេះ!

ដោយ៖ សុខា