ទីក្រុងណាហ្គាសាគីប្រារពខួប ៧៤ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូពីសំណាក់សហរដ្ឋអាមេរិក

អន្តរជាតិ៖ថ្ងៃសុក្រសប្ដាហ៍នេះគឺជាខួប ៧៤ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុងណាហ្គាសាគីរបស់ប្រទេសជប៉ុន។ នៅឯពិធីរំលឹកអនុស្សាវរីយ៍មួយនៅក្នុងទីក្រុងអភិបាលក្រុងនឹងអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនចូលរួមក្នុងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

កម្មវិធីនេះនឹងចាប់ផ្តើមនៅឧទ្យានសន្តិភាពនាទីក្រុងនៅម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃសុក្រនេះ។ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេនឹងចូលរួមជាមួយអ្នកនៅរស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែក។ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ដោយការវាយប្រហារនេះក៏បានចូលរួមផងដែរ។

មនុស្សចំនួន ១៨២,៦០១ នាក់ដែលបានឆ្លងកាត់ព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកហើយបានស្លាប់ចាប់តាំងពីថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥ ។

អភិបាលក្រុងណាហ្គាសាគីលោក Tomihisa Taue នឹងអានសេចក្តីប្រកាសសន្តិភាពមួយដោយដកស្រង់កំណាព្យមួយ។ កំណាព្យពណ៌នាពីការខូចខាតដ៏អាក្រ​ក់​​ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក។

លោក Taue នឹងជម្រុញប្រទេសដែលមានអាវុធនុយក្លេអ៊ែរបំពេញភារកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ។

លោកអភិបាលក្រុងនឹងជំរុញឱ្យរដ្ឋាភិបាលជប៉ុនចុះហត្ថលេខានិងផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរដែល បានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៧។ លោកក៏នឹងអំពាវនាវដល់ប្រទេសជប៉ុនក្នុងនាមជាប្រទេសតែមួយដែលទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូដើម្បី​ដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពពិភពលោក៕