ចាប់មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ព្រោះទារលុយរឿងសុំច្បាប់សាងសង់ពីរោងចក្រដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកអញ្ចើញទៅប្រកាស

ភ្នំពេញ៖ នាឱកាសអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី២៩កក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះសម្តេចមានកិច្ចការត្រូវធ្វើមួយចំនួនពាក់ព័ន្ធនិងមន្ត្រី ហើយក៏ទាក់ទងនិងអភិក្រមទី៥(វះកាត់) ដោយបានព្រមានបញ្ចូនអង្គភាពប្រឆាំងអំពើពុករលួយចាប់ត្រង់ៗតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ បញ្ជាក់ជុំវិញការចាប់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចុះប្រតិបត្តិការឃាត់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់តែម្តង ដែលមានការដឹកនាំផ្ទាល់ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៊ិមទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

សម្តេចមានប្រសាសន៍ថា៖ «ត្រូវកសាងរោងចក្រ ហើយខ្ញុំជាអ្នកទៅប្រកាសរោងចក្រនៅកន្លែងនិង ដល់គេសុំសាងសង់ ទារលុយគេ ដំបូងត្រឹមតែ៥ម៊ឺនទេ វាយឺតការអាហ្នឹង ដល់ក្រោយមក ខ្ញុំធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ឱម យ៊ិមទៀង មើលស្រាវជ្រាវអាហ្នឹងតិចមើល គេឲ្យមន្ត្រីចូលទៅ ក្លែងបន្លំជាធ្វើជាម្ចាស់ក្រុមហ៊ុនអានោះវាឡើងថ្លៃ១ទ្វេរជា២ ពី៥ម៉ឺនទៅ១០ម៉ឺន ទារកក់ ៥ពាន់ខាងACU គេក៏កក់៥ពាន់ ស្អែកឡើងត្រូវយក៤ម៊ឺន៥ពាន់ទៀត យកទៅកក់ឲ្យបានគ្រប់៥០ភាគរយ គេទារកក់៥០ភាគរយ ចឹងស្មើរនិង៥ម៊ឺន ចឹងថ្ងៃទី១ពេលល្ងាចគឺកក់៥ពាន់ ថ្ងៃទី២. ៤ម៊ឺន៥ពាន់ កក់រួចហើយយកមកតែម្តង»។

សម្តេចបញ្ជាក់ថា អភិក្រមទី៥ត្រូវបានអនុវត្តដោយមិនមានការលើកលែង ហើយមិនត្រឹមតែដកតំណែងនោះទេ គឺត្រូវមានការស្រាវជ្រាវពីទ្រព្យសម្បត្តិថែមទៀតផង៕