លោក Bolton អាចសម្រុះសម្រួលជម្លោះរវាងក្រុងតូក្យូនិងទីក្រុងសេអ៊ូល

អន្តរជាតិ៖ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក John Bolton ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយចំពេលដែលទំនាក់ទំនងកាន់តែអាក្រក់រវាងកូរ៉េខាងត្បូងនិងជប៉ុន។

ប្រភពរបស់អាមេរិកនិងកូរ៉េខាងត្បូងនិយាយថាការរៀបចំសម្រាប់ទស្សនកិច្ចរ​​យៈ​​​ពេលពីរថ្ងៃរបស់លោក Bolton ទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺចាប់ពីថ្ងៃអង្គារខាងមុខនេះ។ លោកត្រូវបានគេរំពឹងថានឹងសុំចុះចតនៅប្រទេសជប៉ុនជាមុនសិន។

ទីក្រុងតូក្យូនិងសេអ៊ូលនៅតែមានភាពខុសគ្នាពីបញ្ហាពលកម្មក្នុងសង្គ្រាមនិងការរឹតបន្តឹងការនាំចេញរបស់ជប៉ុន។រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងមិនទទួលយកសំណើររបស់ជប៉ុនដើម្បីបង្កើ​​តក្រុមអាជ្ញាកណ្តាលដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ 1965 ដើម្បីដោះស្រាយជម្លោះពលកម្មក្នុងសង្គ្រាមរបស់ពួកគេ។

តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនទូទាត់សំណងដល់កម្មករដែលនិយាយថាពួកគេត្រូវបានគេបង្ខំឱ្យធ្វើការ ក្នុងកំឡុងសង្គ្រាមលោកលើកទី 2 ។

ខាងសេដ្ឋកិច្ចទីក្រុងសេអ៊ូលបានរិះគន់ទីក្រុងតូក្យូសម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការរឹតបន្តឹងការត្រួតពិនិត្យការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់ទៅខាងត្បូង។

ប្រភពព័ត៌មានបាននិយាយថាលោក Bolton ទំនងជានឹងលើកទឹកចិត្តឱ្យភាគីទាំងពីរអង្គុយពិភាក្សានិងដោះស្រាយបញ្ហា។

កាលពីថ្ងៃពុធកន្លងទៅអ្នកការទូតអាមេរិកទទួលបន្ទុកគោលនយោបាយអាស៊ីបូព៌ាលោកDavid Stilwell ​បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha និងមន្រ្តីផ្សេងទៀតនៅទីក្រុងសេអ៊ូល។លោក Stilwell បាននិយាយថាសហរដ្ឋអាមេរិកជាមិត្តជិតស្និទ្ធនិងជាសម្ព័ន្ធមិត្តចំពោះភាគីទាំងពីរអាមេរិកនឹងធ្វើអ្វីដែលអាចជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដោះស្រាយស្ថានភាពដ៏លំបាកនេះ៕