ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់ក្នុងដី នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់ កប់ក្នុងដីចំការ២កន្លែង ជាតំបន់អតីតសមរភូមិសង្រ្គាម នៅចំណុចដីចំការដំឡូងមី មួយកន្លែងក្នុងភូមិពន្សាយជើង ឃុំស្វាយចេក និងចំណុច ដីចំការមួយកន្លែងទៀតនៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក។

យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ១០គ្រាប់ខាងលើគឺគ្រាប់មីនស្គរប្រឆាំងនិងមនុស្សមាន៩គ្រាប់និងគ្រាប់កាំភ្លើងត្បាល់១គ្រាប់ប្រភេទ១៣០មីលីម៉ែត្រ ខណៈគ្រាប់ទាំងនោះ ត្រូវបានយកមករក្សាទុកកន្លែងសុវត្ថិភាព ហើយដើម្បីរងចាំប្រគល់ឱ្យមន្រ្តីជំនាញស៊ីម៉ាកយកទៅកំទេចចោល។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ខេត្តបន្ទាយមានជ័យ ធ្លាប់ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់ប្រឆាំងនិង យន្តហោះនិងគ្រាប់ប្រឆាំងនិងមនុស្សចំនួន៤១៤គ្រាប់ទៅឱ្យមន្រ្តីជំនាញដោះមីនហេឡូត្រាក់ ដើម្បីយកទៅរក្សាទុកនៅ កន្លែងសុវត្ថិភាព ក្រោយប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកបាន ប្រទះឃើញគ្រាប់ទាំងនោះកប់ក្នុងដីចំការមួយកន្លែងដែលជាអតីតបន្ទាយកងទ័ព ក្នុងតំប់អតីតសមរភូមិសង្រ្គាម ក្នុងភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលធ្វើឲ្យកម្ពុជាអស់ការគម្រាមកំហែងដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ៕