កង់បីឥណ្ឌាឆ្លងផ្លូវដែកមិនប្រយ័ត្ន ត្រូវរថភ្លើងបុកគៀបជាប់ បណ្តាលឲ្យរងការខូចខាត អ្នកបើកបរគេចខ្លួនបាត់

ភ្នំពេញ៖ កង់បីឥណ្ឌាមួយគ្រឿង បើកបរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើកបុកគៀបជាប់ អ្នកបើកបរម៉ូតូកង់បីលោតចុះ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀតដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន បុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង រងការខូចខាតយ៉ាងដំណំ ភ្លាមនោះអ្នកបើកម៉ូតូកង់បីមិនមានរងរបួស លោតចុះរត់គេចខ្លួនបាត់ស្រមោល

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យឃើញសល់តែម៉ូតូកង់បី ក៏វាស់វែងយកម៉ូទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕