បុរសម្នាក់មានវិបត្តិផ្លូវចិត្តគិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅលើជាន់ឡៅតឿក្នុងផ្សារដីថ្មី ស្លាប់បង្កការភ្ញាក់ផ្អើល

ដោយ៖អែល វិចិត្រ

ភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងដោយបុរសម្នាក់មានវិបត្តិផ្លូវចិត្តបានគិតខ្លីយកខ្សែនីឡុងនិងក្រម៉ាចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតូបលេខDO ក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ គុណ ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទួលបារាយ ឃុំក្រាំងចេក ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ

តាមប្រភពព័ត៌មានពីប្រពន្ធបានអោយដឹងថា ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្ត និងមានជំងឺសសៃប្រសាទ ធ្លាប់ចង.កសម្លាប់ខ្លួនម្តងរួចមកហើយ លុះមុនពេលកើតហេតុគាត់កំពុងលក់នំបញ្ចុកនិងបាញ់ឆេវនៅខាងក្រោម ខណៈនោះដោយសារជាប់ភ្ញៀវច្រើននិងបាត់ប្តីសង្ស័យក៏ឡើងទៅមើល ស្រាប់តែឃើញប្តីរបស់គាត់បានយកក្រមានិងខ្សែនីឡុង ចង.កជាប់ចម្រឹងដែកនៅលើជាន់ឡៅតឿស្លាប់បាត់ទៅហើយ ភ្លាមៗគាត់តក់ស្លុតប្រញាប់ស្រាយខ្សែទម្លាក់ប្តីចុះមកក្រោម និងហៅតាអាចារ្យមកសូត្រមន្តហៅព្រលឹងប្តីដើម្បីយកទៅធ្វើបុណ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបច្ចេកទេសខណ្ឌមានជ័យ បានចុះមកធ្វើកោសល្យវិច្ឆ័យទៅលើសាកសពដល់កន្លែងកើតហេតុបានអោយដឹងថាពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែននិងបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ៕