កម្លាំងអាវុធហត្ថបានបញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្សពួក៣នាក់ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី

មណ្ឌលគិរី៖ ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ០៣នាក់ទៀត ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើស ព្រៃឈើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

នៅថ្ងៃទី១០កក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ រថយន្តដឹកឈើ ល្មើសច្បាប់ចំនួន៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការ នាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តងដោយប្រើម្សៅ TNT

GRK News បន្តថា សម្រាប់រថយន្តល្មើសជាង៤០គ្រឿងទៀតដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានប្រាប់អង្គភាពTD News តាមទូរស័ព្ទឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ទៀត ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស ព្រៃឈើនៅខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។

លោកបន្តថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕ រូបភាព៖ GRK News