សមត្ថកិច្ចចុះត្រួតពិនិត្យឃ្លាំងលក់ម៉ាសុីនភ្លើងរបស់ជនជាតិចិន២កន្លែងនៅខេត្តព្រះសីហនុ រកឃើញជាង៦០គ្រឿងដែលមិនទាន់មានឯកសារបង់ពន្ធ

ព្រះសីហនុ៖ នៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុមានលោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ និងលោក កែវ អង្កាម ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់៣ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្រប សម្រួលពីលោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញា សៀង សុខ និងមានលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៍ផ្ទាល់តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែងមានម្ចាស់ជាជនជាតិចិន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូល ដែលក្នុងមានទីតាំងទី១ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ។ ទី២ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្ន កំលាំងសមត្ថកិច្ចជំនាញបានរៀបចំស្ទូចយកម៉ាសុីន ភ្លេីងទាំងនោះយកទៅរក្សាទុកនៅការិយាល័យគយនិង រដ្ឋាករស្ទឹងហាវដេីម្បីបន្តនិតិវិធី៕