លោក ស ថេត​ ដាក់​វិធានការលុប​បំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពងលឺ​ខ្លាំង និងជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសម្លេងលឺខ្លាំងរំខានដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្ត្រនិងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញត្រូវមានវិធានការមុនគេក្នុងការលុបបំបាត់ម៉ូតូដែលបង្កសម្លេងរំពងខ្លាំងនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋជាពិសេសមនុស្សចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។

ក្រៅពីនេះ ឯកឧត្តម ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យានិងអប់រំ៕

ប្រភពនិងរូបភាព៖ ផេកស្នងការនគរបាលរាជធានីភ្នំពេញ