ជនជាតិចិន​មួយក្រុម​ផ្ទុះហិង្សាវាយតប់គ្នាទាំងកណ្តាលយប់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបាន៤នាក់យកមកសាកសួរ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនជាតិចិនមួយក្រុម ផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យមានអ្នករបួស បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅធ្វើការអន្តរាគមន៍ភ្លាមៗ ដោយបានធ្វើការឃាត់ខ្លួនបានជនជាតិចិនទាំងសងខាងចំនួន៤នាក់ យកមកប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្លូវចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនជាតិចិនមួយក្រុម មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុ ស្រាប់តែភ្លាមៗនោះ ភាគីទាំងសងខាង បានស្ទុះទៅធ្វើការវាយតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យមានមនុស្សរងរបួសទាំងសងខាង និងអ្នកខ្លះបានរត់ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ រហូតដល់មានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើការឃាត់ខ្លួនបានជនជាតិចិនទាំងសងខាងចំនួន ៤នាក់ យកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង៕