តុលាការខេត្តព្រះសីហនុឃុំខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធនិងករណីបាក់រលំអាគារស្លាប់មនុស្ស២៨និងរងរបួស២៦នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរតុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធនិងករណី បាក់រលំអាគារស្លាប់មនុស្ស២៨និងរងរបួស២៦នាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ។

ក្នុងចំណោមជនជាតិចិន៤នាក់ មាន២នាក់ដែលមានឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៩ឆ្នាំ គឺជាថៅកែម៉ៅការសាងសង់អាគារ និងឈ្មោះCHEN KUN ភេទប្រុស អាយុ៣៩ឆ្នាំ គឺជាថៅកែជួលដីសាងសង់អាគារ។ អ្នកទាំង២ ត្រូវបានតុលាការចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសដោយអចេតនា,និងធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ តាមមាត្រា២០៧, ២៣៦, ៤១៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯជនជាតិចិន២នាក់ទៀត មានឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ អ្នកម៉ៅការបូកជញ្ចាំងអាគារខាង ក្រៅជាន់លើ និងឈ្មោះ XIE YA PING ភេទស្រី អាយុ៤៣ឆ្នាំ អ្នកមើលការខុសត្រូវក្នុងការដ្ឋាន។ អ្នកទាំង២ ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើ មនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនាមានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ តាមមាត្រា២៩,២០៧, ២៣៦, ៤១៥ នៃក្រមព្រហ្មទណ្ឌ។

ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់ បែកនៃអាគាររលំរយះពេល២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១៩៖៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ តុល្យការជនរងគ្រោះមានចំនួនសរុប៥៤នាក់ ក្នុងនោះស្លាប់២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕