បុរសម្នាក់ ចង.កសម្លាប់ខ្លួនជាប់នឹងសំយ៉ាបប៉ុស្តិ៍យាមមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣៨៨ នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គាត់ ញូគីម ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលជាអ្នករត់កង់បី បានឲ្យដឹងថា មុនកើតហេតុគាត់បានដើរចូលទៅកន្លែងប៉ុស្តិ៍យាមមួយកន្លែង ក្នុងបំណងបត់ជើងតូច ពេលនោះ ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើ ចងកសម្លាប់យ៉ាងរន្ធត់តែម្តងមិនដឹងតាំងពីពេលណាមកនោះទេ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕