បញ្ឆេះរថយន្តចោលឲ្យកូនគេង ជនសង្ស័យឡើងបើកទៅបាត់ ផ្អើលសមត្ថកិច្ចដេញស្ទាក់សង្គ្រោះក្មេង២នាក់ដោយសុវត្ថិភាព ខណៈជនសង្ស័យគេចខ្លួន

ភ្នំពេញ៖ ម្តាយទុកកូនគេងក្នុងរថយន្តដោយបញ្ឆះទុកចោលត្រូវ ចោរលួចឡើងបើកទៅបាត់ដោយទាំងកូននៅក្នុងរថយន្ត ម្ដាយស្រែក ទ្រហោយំ និងដួលសន្លប់ជាច្រើនដង ផ្អើលសមត្ថកិច្ច 12ខណ្ឌ ក្រុងភ្នំពេញទាំងយប់ ។ ហេតុការណ៍នេះបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា 8យប់ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2019 ស្ថិតនៅផ្លូវ 143 សង្កាត់អូរឡាំពិច ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះពៅបុប្ផាអាយុ 38ឆ្នាំ និងប្ដីឈ្មោះណុបពិសីអាយុ 38ឆ្នាំ បានជិះរថយន្តរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2s -4126 ពីផ្ទះមកលក់ដូរមានបុកល្ហុងប្រហិតនៅផ្លូវកើតហេតុខាងលើ ដោយបញ្ឆេះរថយន្តចោលឲ្យកូនតូចអាយុពីរខែនិងបងម្នាក់ទៀតអាយុ11ឆ្នាំ នៅក្នុងរថយន្តនោះមួយសន្ទុះក្រោយមកមានជនសង្ស័យ មានគ្នា2នាក់ ដើរក្រឡឹងរថយន្ត ពីរទៅបីជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ខណៈក្មេងទាំងពីរ ក៏នៅក្នុងរថយន្តនោះដែរ ធ្វើឲ្យម្ដាយឪពុកភ័យស្លន់ស្លោទ្រហោយំរាយការណ៍ទៅ សមត្ថកិច្ចផ្អើលអាជ្ញាធរមានសមត្ថកិច្ចទាំង 12 ខណ្ឌក្នុងរាជធានី ភ្នំពេញដេញស្ទាក់បានរថយន្តចំណុចក្បាលថ្នល់ ជួយសង្គ្រោះក្មេងទាំង២ដោយសុវត្ថិភាព រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពដដែលបានបន្តទៀតថាក្រុមជនសង្ស័យបានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយដោយប្ដូរតៃកុងរថយន្តចំនួន 4លើកស្មើនឹង 4 នាក់ ។

បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់យករថយន្តនិងកូនៗតូចពីរនាក់បងប្អូន បានមកវិញក៏បាននាំយករថយន្តនិងជនរងគ្រោះទៅ អធិការដ្ឋានគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរនិងធ្វើការស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕