តំណាងអយ្យការចោទប្រកាន់ជនសង្ស័យសម្លាប់មិត្តភក្តិពីបទ ឃាតកម្មគិតទុកជាមុន ដែលអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ៖ លោកសេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរដោយចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ិន សុផល ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងបញ្ចូនសំណុំរឿងនេះទៅចៅក្រម ស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យ ស៊ិន សុផល ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញកាលពីរសៀលថ្ងៃទី១៣មិថុនា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានអាវុធហត្ថឃាត់ខ្លួនកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីសម្លាប់មិត្តភក្តិពន្លះសាច់ជាកង់ៗយកទៅបោះ ចោលនៅច្រាំងទន្លេនាពេលកន្លងទៅ។

យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ថា នេះគឺជាដំណាក់កាលអយ្យការពោលគឺពុំទាន់មានការជំនុំជម្រះឬផ្តន្ទាទោសទៅលើជនសង្ស័យនៅ ឡើយទេ៕