ការិយាល័យរដ្ឋាភិបាលក្រុងហុងកុងបន្តបិទទ្វាក្រោយ អ្នកតវ៉ារាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅជុំវិញការិយាល័យ

អន្តរជាតិ៖ការិយាល័យរដ្ឋាភិបាលក្រុងហុងកុងបន្តបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័នមួយបានប្រែជាហិង្សា។

ទីភ្ងាក់ងារព័ត៌មាន NHK បានអោយដឹងថាមនុស្សរាប់ពាន់នាក់កាលពីថ្ងៃពុធបានចេញនៅតាមដងផ្លូវព័ទ្ធជុំវិញអាគារក្រុមប្រឹក្សានីតិបញ្ញត្តិក្រុងហុងកុងដើម្បីប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់បញ្ជូនជនសង្ស័យទៅប្រទេសចិនសម្រាប់ការកាត់ទោស។

ការប៉ះទង្គិចគ្នាបានកើតឡើងហើយប៉ូលិសបានបំបែកក្រុមបាតុករដោយគ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែកនិងការបាញ់ម្រេច។ យ៉ាងហោចណាស់មនុស្ស 72 នាក់បានរងរបួស។

ក្រុមអ្នកតវ៉ាបានបិទផ្លូវគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តំបន់ខាងក្រៅអគារក្រុមប្រឹក្សាត្រូវបិទទ្វារដោយមានកម្លាំងប៉ូលិសឈររក្សាសណ្ដាប់ធ្នាប់។ជាមួយគ្នានេះស្ថានីយ៍រថភ្លើងនៅជិតនោះក៏បានបិទទ្វារផងដែរហើយការិយា​ល័យ​រដ្ឋាភិបាលត្រូវបិទទ្វាររហូតដល់ថ្ងៃសុក្រខណៈក្រុមប្រឹក្សានីតិបញ្ញត្តិត្រូវបានបង្ខំឱ្យផ្អាកសម័យប្រជុំពេញអង្គកាលពីថ្ងៃពុធ៕