ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូស្កុបពីនិស្សិតស្រីម្នាក់បានសម្រេច ត្រូវបាន នគរបាលប៉ុស្តិ៍បឹងទំពុនទី១ឃាត់ខ្លួន

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់និស្សិតស្រីម្នាក់ បានសម្រេចហើយព្យាយាមគេចខ្លួន ត្រូវម្ចាស់ម៉ូតូប្រទះឃើញ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនទី១។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១២០ ផ្លូវ១៧BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្លេក្លឹប ស្នាក់នៅផ្ទះជួល ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ចំណែកជនរងគ្រោះមានឈ្មោះ គឹម អាន ហៅគឹម ឡែន ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅចំណុចកើតហេតុ ជាម្ចាស់ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CY-7976

ប្រភពប័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CY-7976 ចតទុកនៅមុខផ្ទះរួចចាក់សោររបងផ្ទះពីក្នុង រួចចេញទៅផ្សារអ៊ីអន២ ខណ្ឌសែនសុខ និងទុកកូនសោរនៅជាប់ម៉ូតូ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះត្រឡប់មកវិញ ឃើញទ្វាររបងផ្ទះចំហរ ហើយបាត់ម៉ូតូតែម្តង។ ទើបប្រញាប់ឆែកកាមេរ៉ាសុវត្ថិភាពមើ ឃើញជនសង្ស័យខាងលើ ដែលជាអ្នករស់នៅក្បែរខាងគ្នា ជាអ្នកធ្វើសកម្មភាពលួច ទើបដើរតាមរកជនសង្ស័យរហូត មកដល់ថ្ងៃទី១២ ខែមិថុនា ក៏ប្រទះឃើញជនសង្ស័យកំពុងដើរម្នាក់ឯងក្នុងសង្កាត់បឹងទំពុនទី១ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន បណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕