បើកកង់បីលឿនជ្រុលទៅកុងតឺន័រកំពុងឆ្លងផ្លូវបណ្ដាលខ្ទាតកង់បីធ្លាក់ប្រឡាយទឹកស្អុយគៀបជាប់ស្លាប់មួយរំពេច

ភ្នំពេញ បុរសម្នាក់បានបើករុឺម៉កPassAppយ៉ាងលឿនហើយជ្រុលទៅបុករថយន្តកុងតឺន័រកំពុងធ្វើដំណើរឆ្លងផ្លូវចំពី ចំហៀង បណ្ដាលឲ្យPassAppប៉ើងប្រមាណជាង២០ម៉ែត្រធ្លាក់ចូលប្រឡាយទឹកស្អុយគៀបជាប់ស្លាប់ភ្លាមៗនៅនិងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទដឹកទូកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-9143 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីលិច ទៅកើតបានបត់ស្ដាំឡើងផ្លូវជាតិលេខ៣ ខណៈនោះមាន កង់បីPassAppមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ1HO-9175 បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុក ទ្វារថយន្តកុងតឺន័រចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាល ឲ្យកង់បីប៊ើងជាង២០ម៉ែត្រធ្លាក់ចូលប្រឡាយទឹកស្អុយគៀបជាប់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ចំណែកតៃកុងរថយន្តកុងតឺន័រ បានព្យាយាមបន្ថែមល្បឿនរត់បានប្រហែល១០០ ម៉ែត្រក៏ឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យធ្វើការវាស់វែងយក រថយន្តកុងតឺន័រ និងកង់បីទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុឲ្យរថយន្តដឹកសពយក ទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមក ទទួលធ្វើបុណ្យតាមប្រពៃណី៕