សិស្សសាលាឬស្សីកែវម្នាក់ បានលង់ទឹកស្រះស្លាប់ក្នុងវត្តឧត្តរាវត្តី

ភ្នំពេញ៖ យុវសិស្សម្នាក់ក្នុងចំណោមមិត្តរួមថ្នាក់៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះក្នុងវត្តស្លាប់យ៉ាងអាណោចអាធ័ម ទោះជាប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ព្យាយាមចុះរាវយក ស្រង់បានមកវិញភ្លាម យ៉ាងណាក៏មិនអាចសង្គ្រោះអាយុជីវិតបានដែរបន្ទាប់ពី យុវជនសិស្សរងគ្រោះ រួមជាមួយមិត្តភ័ក្រ ឆ្លៀតម៉ោងទំនេរនាំគ្នាទិញ ផ្លែឈេី គ្រឿងម្ជូរ ទៅហូបនៅមាត់ស្រះទឹក ក្នុងវត្តឧត្តរាវត្តី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

យុវសិស្សរងគ្រោះឈ្មោះ អៀត សំរិទ្ធបញ្ញា អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ EDនៃអនុវិទ្យាល័យឬស្សីកែវ មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ យុវសិស្សរងគ្រោះ និងមិត្តរួមថ្នាក់សរុបមានគ្នា៦នាក់ឆ្លៀតម៉ោងទំនេរ ព្រោះសាលាក៏នៅជាប់ទីរបងវត្ត ក៏បាននាំគ្នាទិញគ្រឿងម្ជូរ ទៅអង្គុយហូបនៅមាត់ស្រះក្នុងបរិវេណវត្ត កន្លែងកើតហេតុហូបបណ្តើរជជែកគ្នាលេងបណ្តើរ មិនទាន់ទាំងអស់ផង ជនរងគ្រោះដោះអាវស្រាតខោជើងវែង លោតចុះងូតទឹកស្រះតែម្នាក់ឯង ស្រាប់តែលង់លិចបាត់ផ្លឹបតែម្តង រកតែជួយមិនទាន់ផងទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋសមត្ថកិច្ច ក្រុមគ្រួសារនាំគ្នាចុះរាវ ស្រង់ឡើងគោកវិញដើម្បីសង្គ្រោះលើករលាក់ យ៉ាងណាក្តី ក៏ មិនអាចដឹងខ្លួនឡើងវិញបានដែរហើយ ក្រុមគ្រួសារបានត្រឹមបង្ហូរទឹកភ្នែកទាំងក្តីអាណិត

តាមលោកតាអាចារ្យ បានឲ្យដឹងថា ស្រះទឹកមុខព្រះវិហារខាងលើ មានជម្រៅរហូតដល់ទៅ៣ម៉ែត្រ

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានស្រង់សង្គ្រោះបឋមរួចបានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ហេីយត្រូវគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហេីយរួចសមត្ថកិច្ចមកពិនិត្យ កោសល្យវិច័យជាក់ស្តែង ឃើញថា ស្លាប់ដោយសារ លង់ទឹកពិតមែន ។ បច្ចុប្បន្ន សពក្មេងរងគ្រោះខាងត្រូវដឹកមកពីមន្ទីរពេទ្យកាល់ម៉ែត្រដំកល់ទុកនៅវត្តសារ៉ាវតីប្រគល់ឲក្រុមគ្រួសារៀបចំធ្វើបុណ្យតាមប្រពៃណី៕