ជនបរទេសជិះកង់ទៅបង្រៀនសិស្ស ត្រូវបានជនសង្ស័យ ២នាក់ឆក់កាបូបអស់រលីងពីខ្លួនអង្គុយយំស្តាយទ្រព្យសម្បត្តិក្នុងខណ្ឌចំការមន

ដោយ៖ អែល វិចិត្រ

ភ្នំពេញ ស្ត្រីជនជាតិបរទេសម្នាក់ ខំជិះកង់តាមដងផ្លូវ ដាក់កាបូបក្នុងកន្ត្រក ទៅបង្រៀនសិស្សនៅសាលាឯកជន បែរជាត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបរបស់គាត់ទៅបាត់ស្រមោលឈឹងតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបបូកគោ ផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះរបស់ស្ត្រីជនបរទេស ដែលត្រូវចោរឆក់កាបូបយកទៅបាត់ខាងលើ មានអ្នកបកប្រែភាសា បានរៀបរាប់ប្រាប់សមត្ថកិច្ចចរាចរណ៍ក្រុង ដែលសម្រួលចរាចរណ៍នៅចំណុចស្តុប៣៦០ ឲ្យដឹងថា មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ ដែលជិះតាមផ្លូវព្រះមុនីវង្ស ស្របទិសគ្នាពីត្បូងមកជើង បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ដែលទុកនៅក្នុងកន្ត្រកកង់ខាងមុខ ខណៈដែលគាត់កំពុងជិះកង់ទៅបង្រៀនសិស្សនៅសាលាឯកជន តែបែរជាត្រូវចោរទាំងនោះឆក់យកទៅបាត់ ធ្វើឲ្យគាត់ដែលជាភ្ញៀវបរទេសភ័យខ្លាំងណាស់ រកពាក្យអ្វីនិយាយមិនចេញ ដឹងតែពីយំតក់ស្លុត តែប៉ុណ្ណោះ ចំណែកសម្ភារៈក្នុងកាបូបនោះ គ្មានអ្វីច្រើននោះទេ មានតែលុយបន្តិចបន្តួចនិងទូរសព្ទតែប៉ុណ្ណោះ តែអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាចនោះគឺ សុវត្ថិភាព ក្នុងការធ្វើដំណើរតាមដងផ្លូវ នឹងអំពើចោរកម្មទាំងនេះ ដែលមិនលើកលែង សូម្បីអ្នកជិះកង់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខាងលើ បានទាក់ទងទៅខាង នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីមកទទួលយកស្រ្តីជនបរទេសខាងលើ ទៅដាក់ពាក្យបណ្ដឹង ស្រាវជ្រាវកំណត់ មុខសញ្ញាជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕