រថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូSL ផ្ទុះឆេះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់នៅខេត្តតាកែវ

ដោយ៖ អែល វិចិត្រ

តាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូSL បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ យ៉ាងរន្ធត់ ។ ចំណែកអ្នកបើកបររថយន្តបង្កវិញ បានរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2257 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក S L ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-8940 បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងឌុបឈ្មោះ លី ណន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ (រងរបួសធ្ងន់) ខណៈដែលជិះបញ្ច្រាសទិសគ្នាពីលិចទៅកើត។

ក្រោយពេលបុកគ្នាហើយនោះ រថយន្តខាងលើបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួនមួយឡាន ទើបរលត់ជាស្ថាពរ១០០%។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត មកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕