អ្នកគ្រប់គ្រង់ បុគ្គលិក និងសន្តិសុខ ក្លឹបលុច្សសារី១៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការនាព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នគរបាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចូនខ្លួន ជនសង្ស័យចំនួន១៧នាក់ ទៅតុលាការដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងប្រតិបត្តិការ បង្ក្រាបនៅក្លឹបលុច្សសារី។

ក្នុងចំណោមជនសង្ស័យទាំង១៧នេះ មាន៥នាក់ជាជនជាតិ វៀណាម និង១២នាក់ទៀតជាជនជាតិខ្មែរ ហើយពួកគេគឺ សុទ្ធសឹងតែជា អ្នកគ្រប់គ្រង់ បុគ្គលិក និងសន្តិសុខ នៅក្លឹបលុច្សសារី។ បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងស្ថិតក្រោម ចំណាត់ការនីតិវិធីរបស់តំណាងអយ្យការ។

គួររំលឹកថា កាលពីវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ច មូលដ្ឋាន បានចុះបង្រ្កាបកន្លែងកម្សាន្តលុច្សសារី (Luxurious) ដែលមានទីតាំងនៅស្ថិត នៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហេីយបន្ទាប់ពីត្រួតពិនិត្យក្លិបនេះ បានរកឃេីញសារធាតុ ញៀនមួយចំនួន ចំណែកមនុស្សជាង៤០០នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕