សម្តេចតេជោ ហ៊ុន សែន ប្រកាសដំណឹងសន្តិសុខជាតិបន្ទាន់ បន្ទាប់ពីមានក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវយករូបថតនិងឈ្មោះសម្តេចទៅបង្ហោះក្នុង Website ក្រុមហ៊ុនមួយថា សម្តេចជាអ្នកគាំទ្រ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារដោយបានប្រកាសដំណឹងពី សន្តិសុខជាតិបន្ទាន់ បន្ទាប់ពីមានក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ បានយករូបថតនិងឈ្មោះសម្តេចទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុនមួយថា សម្តេចគឺជាអ្នកគាំទ្រ។

នៅលើផេកសម្តេចបានបង្ហោះសារដែលមានខ្លឹមសារដូច្នោះថា «កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន នេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) តាមព័ត៌មានពីស្ថានទូត ឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List

ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរ ប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា»៕