នារីម្នាក់ប្រើគ្រឿងញៀនលើសកម្រិត បណ្តាលឲ្យប្រកាច់ស្លាប់ ក្រោយសង្សារឌុបត្រឡប់មកផ្ទះវិញ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ នារីម៉ាស្សាម្នាក់ប្រកាច់ស្លាប់មួយរំពេចក្រោយពី សង្សារនាំទៅរួមភេទរួចឌុបត្រឡប់មកវិញ នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង លេខ៦៧៨ ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសាច់ញាតិនារីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះមាន អាយុ២៧ឆ្នាំ មុខរបរ អ្នកធ្វើការនៅកន្លែងម៉ាស្សាខាងលើ បានចេញទៅក្រៅដើរលេង ជាមួយសង្សារ រួចក៏ត្រឡប់មកកន្លែងម៉ាស្សាវិញ បានមួយសន្ទុះ ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗតែម្ដង ទាំងដែលសាច់ញាតិអះអាងថា ត្រូវសង្សារនាំទៅ រួមរ័ក្សជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកកោសល្យវិច័យបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ស្លាប់ដោយសារប្រើគ្រឿងញៀនលើសកម្រិតនិងបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕