យុវជនម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយធ្វើសកម្មភាពឆក់ ទូរសព្ទ័ដៃពីបុរសជនជាតិចិនម្នាក់មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់កំពុងជិះម៉ូតូកង់បីមួគ្រឿងមិនបានសម្រេច ហើយទាក់ដៃចង្កូតរេទៅបុករថយន្តមួយគ្រឿងទៀតដួលរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក តែត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី១៤ឧសភាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ៨៦កែវនិងផ្លូវ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ចែក ណុច ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាជាសុីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ស្លាកលេខភ្នំពេញ1HG-8528 ធ្វើដំណើរតាមបណ្តោយផ្លូវ៨៦ទិសដៅពីលិចទៅកើតលុះមកដល់ផ្លូវលេខ៦១ចំណុចកើតខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិចិនម្នាក់កំពុងម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នាមិនបានសម្រេច បណ្តាលឲ្យទាក់ដៃចង្កូតជាមួយម៉ូតូកង់បីរួចរេចង្កូតទៅបុករថយន្តមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យដួលម៉ូតូរួច ជនសង្ស័យរត់ផ្លោះរបងចូលទៅសង្ងំលាក់ខ្លួនក្នុងវត្តស្រះចក តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការឡោមពទ្ធ័ចាប់វាយខ្នោះភ្លាមៗ ចំណែកជនរងគ្រោះមិន ឈប់នៅនិងកន្លែងកើតនោះទេបានបន្តដំណើរទៅមុខ ទៀតមាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនិងធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕