សហរដ្ឋអាមេរិកនិងរុស្ស៊ីឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី

អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីស្តីពីបញ្ហាកូរ៉េខាងជើងនិងបញ្ហាផ្សេងៗទៀត។លោក Pompeo បានជួបរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov និងប្រធានាធិបតីវ្ល៉ាឌីមៀរពូទីននៅរមណីយដ្ឋាន Sochi រូស្ស៊ីកាលពីថ្ងៃអង្គារ។

លោកពូទីនបានប្រាប់លោកPompeo ថារុស្ស៊ីចង់កសាងទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិកហើយសង្ឃឹមថាលក្ខខណ្ឌចាំបាច់នឹងត្រូវធ្វើឡើង។

នៅទីនោះលោក Pompeo បានប្រាប់សន្និសីទសារព័ត៌មានមួយថាកិច្ចប្រជុំនេះគឺជាជំហានដ៏ល្អមួយឆ្ពោះទៅរកភាពប្រសើរឡើងនៃទំនាក់ទំនង។ លោកបាននិយាយថាភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងដើម្បីបន្តការចរចាអំពីការដកអាវុធនុយក្លេអ៊ែរដោយពិនិត្យមើលឱ្យចិនចូលរួមក្នុងកិច្ចពិភាក្សា។

លោកពូទីននិងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសG 20 ដែលគ្រោងធ្វើនៅចុងខែមិថុនានៅអូសាកាប្រទេសជប៉ុន។

ស្របគ្នានេះដែរលោកឡាវរ៉ូវបាននិយាយថាប្រទេសរុស្ស៊ីនឹងពិចារណាចាត់ចែងជាវិជ្ជមាននូវការរៀបចំកិច្ចប្រជុំទ្វេភាគីមួយរវាងមេដឹកនាំទាំងពីរប្រសិនបើភាគីអាមេរិកបានស្នើសុំជាផ្លូវការ។

គូសបញ្ជាក់ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថាស្ថិតក្នុងស្ថានភាពអាក្រក់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ប្រទេសទាំងពីរនៅតែភាពផ្ទុយគ្នាជុំវិញវិបត្តិនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់៕