Khamenei: អ៊ីរ៉ង់មិនចង់ផ្ទុះសង្រ្គាមជាមួយសហរដ្ឋអាមេរិកទេ

អន្តរជាតិ៖មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានមានប្រសាសន៍ថាប្រទេសរបស់លោកមិនចង់មានសង្រ្គាមជាមួយសហរដ្ឋអាមេរិកទេ។

ការកត់សម្គាល់នេះបានកើតឡើងចំពេលមានភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។ ថ្មីៗនេះរដ្ឋបាល Trump បានបញ្ជូនក្រុមបនាវាផ្ទុយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មជ្ឈិមបូព៌ាដើម្បីឆ្លើយតបនឹងអ្វីដែលក្រុងវ៉ាស៊ីនតោនហៅថាជាការគំរាមកំហែងដែលអាចកើតមានពីអ៊ីរ៉ង់។

លោក Khamenei បាននិយាយកាលពីថ្ងៃអង្គារថាជម្រើសរបស់ក្រុមអ៊ីរ៉ង់គឺការតស៊ូប្រឆាំងនឹងក្រុងវ៉ាស៊ីនតោនប៉ុន្តែបានសង្កត់ធ្ងន់ថាក្រុងតេអេរ៉ង់សង្ឃឹមថានឹងជៀសវាងជម្លោះប្រដាប់អាវុធ។ទន្ទឹមគ្នានេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់អាមេរិកថាបានធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើង។

មានការព្រួយបារម្ភថាភាពតានតឹងអាចបណ្តាលឱ្យមានការផ្ទុះឡើងថែមទៀតបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថានាវាដឹកប្រេងរបស់ខ្លួនពីរគ្រឿងបានទទួលរងការខូចខាតនៅក្នុងការវាយប្រហារបំផ្លិចបំផ្លាញកាលពីថ្ងៃអាទិត្យ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួននិយាយថាប្រទេសអ៊ីរ៉ង់ឬកងកម្លាំងប្រដាប់អាវុធដែលគាំទ្រដោយប្រទេសនេះអាចនឹងនៅពីក្រោយឧបទ្ទវហេតុនេះ។ក្រុងតេអេរ៉ង់បដិសេធការចូលរួមណាមួយ៕