កប៉ាល់ទេសចរណ៍មួយគ្រឿង កំពុងដឹកភ្ញៀវសុខៗ ស្រាប់តែឆេះ ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ ៖ កប៉ាល់ទេសចរណ៍មួយគ្រឿង ដែលកំពុងដឹកភ្ញៀវទេសចរណ៍ទាំងជាតិនិងបរទេសបានឆេះ និងចេញផ្សែងខ្មួលខ្មាញ់ចេញពីចំណុចខាងក្រោយ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥៖៥០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកណ្តាលទន្លេសាប ព្រំប្រទល់ខណ្ឌជ្រោយចង្វា និងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កប៉ាល់ទេសចរខាងលើនេះបានដឹកភ្ញៀវចេញពីចំណុចចំណតមាត់ទន្លេ ខណ្ឌដូនពេញ រហូតដល់ចំណុចកើតហេតុ ក៏ស្រាប់តែឆាបឆេះផ្សែងចេញពីចំណុចកន្លែងចម្អិនអាហារ ខ្មួលខ្មាញ់ ឡើងទៅលើមេឃ ពេលនោះភ្ញៀវនៅលើកប៉ាល់បាននាំគ្នាពាក់អាវពោង ដើម្បីត្រៀមលោតទឹក ប្រសិនបើអគ្គីភ័យកាន់តែខ្លាំង ឬក៏លិចទូក ប៉ុន្តែការឆាបឆេះនេះបាន រលត់ទៅវិញ ដោយសារខាងម្ចាស់ទូក និងបុគ្គលិកបាននាំគ្នាពន្លត់ ។ ភ្លាមៗនោះទូក របស់នគរបាលជើងទឹក ចំនួន៣គ្រឿង ទៅដល់អន្តរាគមន៍ផងដែរ ។ ចំពោះករណីនេះ មិនបណ្ដាលឲ្យមានមនុស្ស រងរបួសនោះឡើយ ៕