បុគ្គលិកសណ្ឋាគារម្នាក់ ខ្យល់គរដួលផ្ងារក្រោយស្លាប់ចោលគូដណ្តឹង

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកសណ្ឋាគារមួយកន្លែង បានខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងអង្គុយលេងជុំគ្នា ស្រាប់តែខ្យល់គរដួលផ្ងារក្រោយ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ទុកគូដណ្តឹងដែលស្រឡាញ់គ្នា៣ឆ្នាំ ឲ្យសោកសៅ ស្តាយស្រណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ៧៦ ផ្លូវលេខ៥៣BT ក្រុមទី១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋាគារមួយកន្លែង ដោយមានគូដណ្តឹងឈ្មោះ ឯក ចាន់រស្មី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ ស្រឡាញ់គ្នា៣ឆ្នាំមកហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអអ្គុយលេងជុំគ្នា លុះដល់ម៉ោងកើតហេតុ មិនដឹងជនរងគ្រោះមិនស្រួលខ្លួនតាំងពីពេលណានោះទេ ស្រាប់តែខ្យល់គរដួលផ្ងារក្រោយតែម្តង ភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យទើបតែបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចោលគូដណ្តឹងឲ្យយំសោកសៅ ស្រណោះស្រណោក។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ពិតជាស្លាប់ដោយសារជំងឺខ្យល់គរពិតមែន និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ធំ ៕