ចូលឆ្នាំថ្ងៃទី១ភ្លាម មានករណីផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះមួយខ្នងនៅសង្កាត់ព្រែកប្រា

ដោយ៖អែលវិចិត្រ

ភ្នំពេញ ៖ គ្រាន់តែចូលឆ្នាំថ្ងៃទី១សោះ មានការភ្ញាក់ផ្អើលខ្លាំង ដោយមានអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ យាយ ប៊ុនតឺម ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សូមបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ហើយភ្លាមៗនោះមានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនមូស្លីមជួយធ្វើការពន្លត់ និងមានការអន្តរាគមន៍ពីខាងរថយន្តពន្លត់អគ្គិភ័យប្រចាំខណ្ឌច្បារអំពៅផងដែរ ទើបរលត់ទៅវិញជាស្ថាពរ ផងដែរ និងមិនបណ្តាលអោយឆាបឆេះរាលដាលនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនតែប៉ុណ្ណោះ ៕