យុវជនម្នាក់ រួមនិងព្រះសង្ឃ២អង្គទៀត ជិះម៉ូតូបុកគោ ដួលទៅលើដងផ្លូវត្រូវបានរថយន្តកិនស្លាប់និងសុគតយ៉ាងរន្ធត់

កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងខណៈដែលយុវជនម្នាក់ជិះម៉ូតូឌុបព្រះសង្ឃ ២អង្គនៅខាងក្រោយ បានទៅបុកនឹងសត្វគោដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យដួលទៅលើដងផ្លូវហើយត្រូវបានរថយន្តមួយគ្រឿងទៀតមកពីក្រោយកិនស្លាប់និងសុគតទាំង៣នាក់យ៉ាងរន្ធត់បំផុត។ ចំណែកសត្វគោក៏ងាប់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៨ និង៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ1G-1686 បើកបរដោយឈ្មោះ ទូច កុយ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោង ទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបព្រះសង្ឃ២អង្គពីក្រោយ ទី១ព្រះនាម អៀង បញ្ញា ព្រះជន្ម១៧ព្រះវស្សា និងទី២ព្រះនាម ម៉ៅ រិទ្ធិកា ព្រះជន្ម១៦ព្រះវស្សា គង់នៅវត្តអង្គទន្លាប់ បានធ្វើដំណើរពីទិសខាងកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើបានបុកគោញី១ក្បាលសម្បុរស ដើរឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យដួលហើយត្រូវរថយន្ដ មួយគ្រឿង ម៉ាកស្ដាលីង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-6398 សណ្ដោងរ៉ឺម៉កដឹកប្រេងសាំង (អ្នកបើកបររត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត បានកិនបណ្ដាយឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់និងសុគត ទាំង៣នាក់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកសត្វគោមួយក្បាលនោះក៏ងាប់ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទាំង៣នាក់ ខាងលើទៅឲ្យសាច់ញាតិបងប្អូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕