សម្តេចតេជោ ហ៊ុន សែន ប្រកាស សាងសង់ផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តកំពង់ធំ

កំពង់ឆ្នាំង៖ នៅថ្ងៃយប់ថ្ងៃទី ១៦ ខែ មីនា នេះ ក្នុងពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានប្រសាសន៍បើក ពិធី “បុណ្យទន្លេលើកទី ៥” នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ បានប្រកាសជូនដំណឹងល្អដល់បងប្អូនជនរួមជាតិ ទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំងទាំងអស់បានដឹងអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូ ម៉ែត្រ ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ គឺនឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន ២ បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឲ្យមានផលប៉ះពាល់ទៅដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាចរាចរណ៍ត្រី។ គម្រោងនេះគឺ បានសិក្សារួចហើយ ហើយមិនមានផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក និង ការបំលាស់ទីរបស់ត្រីនោះទេ ។

យើងសង្ឈឹមថា បន្ទាប់ពីផ្លូវ និងស្ពានមួយខ្សែនេះត្រូវបានសាងសង់រួចហើយនោះ ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីគម្រោងមួយនេះ គឺបានចំណេញទាំងពេលវេលា ចំណេញថ្លៃដឹកជញ្ជូន និងទទួលបានចំណូលកាន់តែច្រើនជាមិនខាន៕

ដកស្រង់ពី៖ SPM Page