សហរដ្ឋអាមេរិកនឹងកោះហៅបុគ្គលិកពីស្ថានទូតនៅវ៉េណេស៊ុយអេឡា

អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថានៅសប្តាហ៍នេះរដ្ឋាភិបាលនឹងកោះហៅបុគ្គលិកដែលនៅសេសសល់ពីស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។នេះបើយោងតាម​NHKចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែមិនាឆ្នាំ២០១៩។

លោករដ្ឋមន្រ្តី បានធ្វើសេចក្តីប្រកាសកាលដើមសប្ដាហ៍កន្លងទៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។លោកបានសរសេរថាការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសនិងបានសន្និដ្ឋានថាវត្តមានរបស់បុគ្គលិកការទូតអាមេរិកនៅស្ថានទូតបានក្លាយជាឧបសគ្គមួយចំពោះគោលនយោបាយសហរដ្ឋអាមេរិក។

ការវិវត្តន៍នេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តកាលពីដើមខែមករាដើម្បីដកបុគ្គលិកនិងក្រុមគ្រួសារពួកគេដោយលើកឡើងពីការព្រួយបារម្ភសុវត្ថិភាពនៅពេលមានចលាចលនយោបាយនៅក្នុងប្រទេស។

នៅវ៉េណេស៊ុយអេឡាការដាច់ចរន្តអគ្គិសនីដ៏ធំបានបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនដែលបង្កឱ្យមានកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរនិងបង្ករអោយមានអ្នកជំងឺស្លាប់នៅក្នុងមន្ទីរពេទ្យ។

លោកPompeo បានបន្ទោសប្រធានាធិបតី វេណេស៊ុយអេឡាលោក Nicolas Maduro ថាជាអ្នកទទួលខុសត្រូវចំពោះវិបត្តិនេះ៕