នគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ដោយ៖ អែល វិចិត្រ
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ធ្វើការឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់តូច។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៤ទៀបភ្លឺ នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ណាត ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករយាមឃ្លាំងហ្គាស ទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិ បឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ស្តើង សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើកបររថយន្តដឹកហ្គាស ទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលដែលជនសង្ស័យឈ្មោះ ណាត ណារាជ និង ឈ្មោះ ស្តើង សំបូរ កំពុងដើរតាមផ្លូវ (នៅចំណុចខាងលើ) ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាម ពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៦កញ្ចប់ថង់តូចនៅជាប់ខ្លួនជនសង្ស័យឈ្មោះ ណាត ណារាជ ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង។

ក្នុងនោះដែរ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៦ កញ្ចប់ថង់តូច និង កញ្ចប់បារីចំនួន០១។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ណាត ណារាជ និង ឈ្មោះ ស្តើង សំបូរ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕