KCNA: លោកស៊ីទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅកូរ៉េខាងជើង

អន្តរជាតិ៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថាប្រធានាធិបតីចិនលោកស៊ីជីនពីងបានទទួលការអញ្ជើញ ទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅពេលដែលលោកបានជួបមេដឹកនាំកំពូលចិននៅប៉េកាំង។

គូសបញ្ជាក់ថាលោកគីមជុងអ៊ុនបានបញ្ចប់ការធ្វើទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះក្រោយជួបពិភាក្សាជាមួយលោកស៊ី។ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េបានរាយការណ៍នៅលើកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍នេះនិយាយថាលោកគីមបានអញ្ជើញលោកស៊ីមកទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី 70នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកស៊ីបានទទួលយកការអញ្ជើញ។

នេះជាគម្រោងទស្សនកិច្ចលើកទីមួយរបស់លោកស៊ីទៅកាន់កូរ៉េខាងជើងដែលជាមេដឹកនាំកំពូលរបស់ចិន។

លោកគីមបាននិយាយថាប្រទេសរបស់លោកនៅតែមិនផ្លាស់ប្តូរក្នុងការប្រកាន់យកគោល​ដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងបន្តដោះស្រាយបញ្ហាដោយសន្តិភាព ខណៈពេលដែលអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងនានាដែលបានសម្រេចនៅកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។

ទោះបីជាយ៉ាងណាក៏ដោយលោកគីមត្រូវបានគេដកស្រង់សម្តីដោយនិយាយថាបញ្ហាប្រឈមនិងការព្រួយបារម្ភបានកើតឡើងនៅក្នុងដំណើរការចរចារជាមួយសហរដ្ឋអាមេរិក។ លោកត្រូវបានគេជឿជាក់ថាបានបង្ហាញនូវការមិនសប្បាយចិត្តរបស់ខ្លួនជាមួយនឹងការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការអនុលោមតាមសេចក្តីទាមទាររបស់ក្រុងព្យុងយ៉ាងចំពោះការដកទណ្ឌកម្មនិងប្រកាសបញ្ចប់នូវសង្គ្រាមកូរ៉េ។

លោកស៊ីបានឆ្លើយតបថាលោកយល់ស្របទាំងស្រុងថាកូរ៉េខាងជើងកំពុងធ្វើការទាមទារអោយបានសមហេតុផលហើយពួកគេគួរតែដោះស្រាយដោយសមរម្យ។ លោកបានបន្ថែមថាប្រទេសដែលពាក់ព័ន្ធគួរគោរពនិងដោះស្រាយបញ្ហា៕