ករណីពពោះជំនួស តុលាការផ្តន្ទាទោសស្ត្រីជនជាតិអូស្ត្រាលីនិងខ្មែរ២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីស៊ន លីណា បាន សម្រេចប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិអូស្ត្រាលី ម្នាក់ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល រីឯជនជាប់ចោទប្រុសស្រី២នាក់ជាជនជាតិខ្មែរ ត្រូវតុលាការផ្តន្ទាទោសក្នុងម្នាក់ៗ១ឆ្នាំ៦ខែ ពិន័យជាប្រាក់២លានរៀល។ ជនជាប់ចោទទាំង៣ខាងលើមានឈ្មោះ ១.ឈ្មោះ ឆាលី តាមីអាលេនេ (CHALES TAMMY ALAYNE )ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ២.ឈ្មោះ​ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅសង្កាត់ ខណ្ឌទួលគោក និង ៣.ឈ្មោះសំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា​។ ជនជាប់ចោទទាំង៣ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត យោងតាមមាត្រា៣៣២ និង ៦៣២នៃក្រមព្រហ្មទណ្ឌ។ នាពេលសវនាការ ស្ត្រីជនជាតិអូស្ត្រាលីបានឆ្លើយដូច្នោះថា ខ្លួនបានបំរើការងារឲ្យក្រុមហ៊ុនមួយ ដែលធ្វើអាជីវកម្ម ស៊ីឈ្នួលពពោះជំនួស។ ចំពោះក្រុមគ្រួសារដែលចង់បានកូន ពីការស៊ីឈ្នួលពពោះគឺតម្រូវឲ្យបង់ប្រាក់ចំនួន៥ម៊ឺនដុល្លារ ហើយក្នុងនោះស្រ្តីខ្មែរដែលក្រុមហ៊ុន បានជួលឲ្យពពោះបង្កើតកូននោះមានចំនួន២៣នាក់ និងបាននាំចេញទៅក្រៅប្រទេសបាន៦នាក់ ក្នុងនោះកូនភ្លោះមួយនាក់ផងដែរ។ ស្ត្រីជនជាតិអូស្ត្រាលីបន្តថា ការស៊ីឈ្នួលពពោះជំនួសនេះគឺ មានការពិនិត្យសុខភាពត្រឹមត្រូវរហូតមានការធ្វើកិច្ចសន្យា រវាងក្រុមហ៊ុននិងស្ត្រីស៊ីឈ្នួលពពោះ។ ម្យ៉ាងវិញទៀត ក៏មាន ការពិនិត្យDNA រកឪពុកម្តាយដែលជាអ្នកផ្តល់មេជីវិត និងមានការរៀបចំឲ្យកូនក្មេងដែលបានបង្កើតមកនោះ ឲ្យចូល សញ្ជាតិតាមឪពុកម្តាយដែលជាអ្នកផ្តល់មេជីវិត។ ជនជាប់ចោទឈ្មោះសំរិទ្ធ ចាន់ចរិយា បានសារភាពថា ខ្លួនជាអ្នកបុគ្កលិកក្នុងក្រុមហ៊ុន និងជាគ្រូពេទ្យពិនិត្យស្ត្រីពរពោះ ថែមទាំងជាអ្នកបកប្រែភាសាឲ្យស្ត្រីជនជាតិអូស្ត្រាលី ម្តងម្កាល។ រីឯឈ្មោះពេញ រិទ្ធី ជួយរត់ការធ្វើសំបុត្រកំណើត ឲ្យទារក និងជួយដឹកក្មេងចេញទៅបំពេញបែបបទនៅនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងជួយរត់ការពន្យាលិខិតឆ្លងដែន ។ សូមជម្រាបថា តុលាការបានទុកសិទ្ធឲ្យជនជាប់ចោទទាំងបី មានសិទ្ធប្តឹងឧទ្ទរណ៍ ក្នុងរយៈពេលមួយខែ បើជនជាប់ចោទពុំសុខចិត្តនិងសេចក្តីសម្រេចនេះ។  ដោយ៖ សុខា