នារីម្នាក់ មានគូដណ្តឹងជិតការខែ១២នេះទៅហើយ បែរជា ត្រូវសង្សាររឹតកសម្លាប់ប្លន់យកម៉ូតូទៅបាត់នៅក្នុងផ្ទះសំណាក់

រាជធានីភ្នំពេញ៖ពិតជាមិនគួរឲ្យជឿ និងជារឿងហួសចិត្តមួយដែរ បន្ទាប់ពីនារីវ័យ២៦នាក់ ត្រូវបានឃាតកជាសង្សារល្បូងរួមរ័ក្សក្នុងផ្ទះសំណាក់ រួចរឹតកសម្លាប់ប្លន់យកម៉ូតូទៅបាត់ដោយទុកសាកសពឲ្យដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ មុនីកា ខណៈដែលនាងក៏កំពុងតែមានគូដណ្តឹងជិតនឹងរៀងមង្គលការនៅខែ១២ខាងមុខនេះបន្ថែមទៀត។ ករណីឃាតកម្មខាងលើនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលម៉ោង៧និង៤០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះសំណាក់យីហោ មុនីកា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៥៣ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ក៏ដូចជាប្រភពពីបុរសឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មានមុខរបរជា នាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន (ជាឪពុក) និងម្ដាយឈ្មោះ ហៀង សុខ លី អាយុជាង៥០ឆ្នាំ មានមុខរបរកាត់ដេរសម្លៀកបំពាក់នៅផ្ទះ បានឲ្យដឹងថា កូនស្រីរបស់គាត់ដែលត្រូវគេសម្លាប់នេះមានឈ្មោះ អី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយរូបនាងជាកូន គឺមានគូដណ្តឹងរួចទៅហើយ និងជិតដល់ថ្ងៃរៀបការ ក្នុងខែ១២ខាងមុខនេះទៀត។

យោងតាមប្រភពព័ត៌មានពីខាងផ្ទះសំណាក់មុនីកា ខាងលើបានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ក្រោយមកក៏ឃើញនារីរងគ្រោះខាងលើបានជិះម៉ូតូមកតាមក្រោយចូលទៅក្នុងបន្ទប់តែមួយ។ លុះនៅរសៀលថ្ងៃកើតហេតុដដែលនោះ ក៏មានបុរសខាងលើ ដែលស្នាក់នៅជាមួយនារីរងគ្រោះ បានចុះមកហើយកាន់សោម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច ពេលនោះដោយនឹកស្មានថា ពួកគេជាសង្សារ និងជាមនុស្សស្គាល់គ្នាទើបខាងផ្ទះសំណាក់មិនសួរដេញដោលអីច្រើននោះទេ ហើយក៏ទៅបាត់មិនឃើញត្រឡប់មកវិញតែម្តង។ លុះដល់វេលាម៉ោងកើតហេតុ មានអ្នកសម្អាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ឃើញបន្ទប់ចំហទ្វារ និងឃើញជនរងគ្រោះកំពុងដេក ទើបស្រែកសួរ តែមិនភ្ញាក់សោះ ទើបអ្នក សម្អាតផ្ទះសំណាក់ចូលទៅដាស់ ទើបដឹងច្បាស់ថានាងស្លាប់បាត់ទៅហើយ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង ។

ក្នុងនោះបើយោងតាមប្រភពព័ត៌មានពីឪពុកម្តាយនារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុកាលពីវេលាម៉ោងប្រហែលជា៩ព្រឹក គាត់ជាម្តាយបានប្រើឲ្យកូនស្រី ជានារីរងគ្រោះ ទៅដូរលុយ៤០ដុល្លារ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាស៊ីនដេរសម្លៀកបំពាក់ដែលខូច ដោយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាមួយហើយក៏បាត់ដំណឹងសូន្យឈឹងមិនឃើញត្រឡប់មកវិញតែម្តង រហូតមកដល់វេលាម៉ោងកើតហេតុនេះ ស្រាប់តែគាត់នៅមិនសុខព្យាយាមតេទូរសព្ទរកកូន តែពេលដែលតេចូលហើយនោះ បែរជាត្រូវសមត្ថកិច្ចជាអ្នកលើលក និងប្រាប់ពួកគាត់ថា កូនគាត់ត្រូវបានគេរឹតកសម្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ និងការបើកការត្រួតពិនិត្យ ធ្វើកោសល្យវិច័យអស់រយៈពេលជាច្រើនម៉ោងរួចហើយនោះ សមត្ថកិច្ចនគរបាលជំនាញខាងផ្នែកកោសល្យវិច័យបានឲ្យដឹងថា ករណីឃាតកម្មនេះ គឺកើតឡើងខណៈដែលមិត្តប្រុសនារីរងគ្រោះ បានលួងលោមរួមរ័ក្សមេត្រីជាមួយគ្នាបានសម្រេច រួចក៏ធ្វើសកម្មភាពរឹតក សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះសំអាងថា នៅក្នុងបន្ទប់កើតហេតុនេះ សមត្ថកិច្ចបានរកឃើញនូវស្រោមអនាម័យដែលប្រើប្រាស់ហើយចំនួន២ បូករួមទាំងការបាត់បង់ម៉ូតូនារីរងគ្រោះ រួមទាំងលុយដែលម្ដាយនារីរងគ្រោះឲ្យយកទៅដូរទៀតនោះ ដូច្នេះករណីនេះគឺជាករណីឃាតកម្មរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាឃាតក សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ដោយ៖ អែល វិចិត្រ