ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ឌុបគ្នាដើរធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនទាន់បានលួចផងត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ឃាត់ខ្លួនបាន

ដោយ៖ អែល វិចិត្រ
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សែម ព្រែក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងជនសង្ស័យ២ឈ្មោះ ឈ្មោះ ទូច សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ដកហូតបាន ដែកចុងស្រួចចំនួន០១, ទុរឡឺវីសចំនួន២ដើម, សោលេខ៨ និងលេខ១០ចំនួន២ដើម , សោរលេខ៣០ ចំនួន២ដើម និងម៉ូតូម៉ាកហ្វីណូ ពណ៌ស(រលប់មើលមិនឃើញ) ពាក់ស្លាកលេខ ភ្នំពេញ 1T-0740 ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុច ផ្លូវបេតុង ក្រុមទី១៣ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យ៣នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព និង ឈ្មោះ វៃ កំពុងជិះម៉ូតូ១គ្រឿងម៉ាកហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1T-0740 ដោយមានការសង្ស័យសនគរបាលបានឃាត់ម៉ូតូជនសង្ស័យទាំង៣នាក់ ដើម្បីត្រួតពិនិត្យស្រាប់តែជនសង្ស័យឈ្មោះ វៃ បានចុះពីលើម៉ូតូរត់គេចខ្លួនបាត់។ ភ្លាមនោះនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព ធ្វើការត្រួតពិនិត្យឆែកឆេរនៅក្រោមកែបម៉ូតូរកឃើញឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួនទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព បានឆ្លើយសារភាពថា ៖ ពួកគេទាំង០២នាក់ និង បក្ខពួកឈ្មោះ វៃ (រត់គេចខ្លួនបាត់) ពិតជាមានបំណងដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ (ម៉ូតូឬរ៉ឺម៉កម៉ូតូកង់បី ដែលចតទុកចោលនៅក្រៅផ្ទះ) នៅសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់បន្តទៀត៕