ចោរអស់លក្ខណ៍ លួចកាច់កញ្ចក់រថយន្តស៊េរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាបានសម្រេច រត់មិនរួចត្រូវម្ចាស់រថយន្តដេញតាមឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់រថយន្តដេញតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ចយកមកសាកសួរ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាមួយគ្រឿងបានសម្រេច។ ហេតុការណ៍នេះកើតឡើងនៅ ម៉ោង៣រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងបុរីលឹមឈាងហាក់ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជិន វិសុទ្ធ អាយុ ៣៥ឆ្នាំ

មុខរបរមិនពិតប្រាកដ។ចំណែកជនរងគ្រោះឈ្មោះ សូរ ហ៊ី អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់។មុនពេលកើតហេតុ គេឃើញជនសង្ស័យជិះម៉ូតូម៉ាកស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-3696 ធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត ស៊េរីទំនើប ម៉ាកតូយ៉ូតាអាល់ហ្វា ដែលចតនៅចិញ្ចើមផ្លូវក្នុងបុរីបានសម្រេច ពេលនោះត្រូវបានម្ចាស់រថយន្តជិះដេញតាមម៉ូតូជនសង្ស័យ រត់មកដល់ចំណុចផ្លូវឧកញ៉ាម៉ុងឫទ្ធី ក៏ត្រូវម្ចាស់រថយន្តចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕