ក្រសួងធម្មការនិងសាសនាបានរៀបចំ សិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមណីយកម្ម សាសនានៅព្រះរាជាណាចក្រកម្ពុជាលើក ទី៧

ភ្នំពេញ៖ ថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកម្មវិធីបើកសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿលើសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះជាណាចក្រកម្ពុជាលើកទី ៧ ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ: ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំសាសនា និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិកនៃសាសនាផ្សេងៗសរុបប្រមាណចំនួន ៨៨០អង្គ/នាក់ នៅសាលសន្និសីទ ចតុម្មុខ។

គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានគោលបំណងដើម្បី រួមចំណែកលើក ស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលជា យន្តការមួយសម្រាប់ធម្មកថិក គ្រូគង្វាល គ្រូបង្គោល និងអ្នកផ្តល់ឱវាទសាសនានីមួយៗ ឆ្លៀតឱកាសបញ្ជ្រៀប និងបញ្ចូលផ្សព្វផ្សាយខ្លឹមសារក្នុងប្រធានបទខាងលើរាល់កម្មវិធីនៃការផ្ដល់ឱវាទ និងការប្រៀនប្រដៅនៃសាសនានីមួយៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រយោជន៍រួមប្រកបដោយ សុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារវប្បធម៌សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យក្នុងការដឹកនាំ និងការអនុវត្តគោលនយោបាយវិស័យសាសនា ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕