WHO: ការបំពុលបរិយាកាសសម្លាប់មនុស្ស 7 លាននាក់ជារៀងរាល់ឆ្នាំ

អន្តរជាតិ៖អង្គការសុខភាពពិភពលោកនិយាយថាការបំពុលបរិយាកាសបានធ្វើឱ្យមនុស្ស 7 លាននាក់បានស្លាប់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។

អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីសុខភាពនិងការប្រែប្រួលអាកាសធាតុកាលពីថ្ងៃពុធស្របពេលជាមួយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅប៉ូឡូញ។

នៅក្នុងរបាយការណ៍នេះទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនិយាយថាការបំពុលអាកាសដែលបណ្តាលមកពីចំហេះឥន្ធនៈហ្វូស៊ីលបង្កឱ្យមានជំងឺហឺតជំងឺមហារីកសួតជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺផ្សេងៗទៀត។ របាយការណ៍នេះនិយាយថាការប៉ះពាល់នឹងការបំពុលបរិយាកាសបង្កឱ្យមានការស្លាប់ 7 លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំនិងចំណាយប្រាក់ប្រមាណ 5,100 ពាន់លានដុល្លារនៅទូទាំងពិភពលោក។

របាយការណ៍នេះចង្អុលបង្ហាញថាប្រសិនបើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលត្រូវបានកាត់បន្ថយដើម្បីដោះស្រាយការឡើងកំដៅផែនដីវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសនិងជួយសង្គ្រោះជីវិតមនុស្សជាច្រើន។

របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យប្រទេសនានាកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ វាក៏ជម្រុញពួកគេឱ្យមានការប្តេជ្ញាចិត្តជាក់លាក់រួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នខ្យល់នៅក្នុងការសន្យាជាតិរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស។

ថ្លែងនៅឯសន្និសិទនេះនាយកអង្គការសុខភាពពិភពលោកផ្នែកសុខភាពនិងបរិស្ថាន លោកស្រីMaria Neiraបានសង្កត់ធ្ងន់ថាការកាត់បន្ថយការប្រែប្រួលអាកាសធាតុក៏ជាវិធានការដើម្បីការពារសុខភាពផងដែរ។ លោកស្រីបានព្រមានថាការពន្យារពេលក្នុងការផ្លាស់ប្តូរថាមពលនឹងបណ្តាលឱ្យមានការស្លាប់កាន់តែច្រើនហើយបានអំពាវនាវដល់ប្រ​ទេ​សនានាឱ្យធ្វើការរួមគ្នាដើម្បីដោះស្រាយបំរែបំរួលអាកាសធាតុ៕