ទុស្សេចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ ផ្ទុះលាន់ដូចរន្ទះ លើបង្គោលភ្លើងមួយដើម ផ្អើលទាំងកណ្តាលថ្ងៃត្រង់នៅខណ្ឌចំការមន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានអគ្គិភ័យបានឆាបឆេះបណ្តាញខ្សែភ្លើងនិងកាបអុបទិចជាច្រើនខ្សែនៅលើបង្គោលភ្លើងមួយដើម ផ្ទុះលាន់ដូចរន្ទះយ៉ាងសន្ធោសន្ធៅ បង្កការភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចនិងអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅក្បែរស្តុបបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសំឡេងផ្ទុះដូចរន្ទះ នៅលើបង្គោលភ្លើងខាងលើ ហើយភ្លាមៗស្រាប់តែបែកផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង បង្កការភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចំនួនគ្រឿង ចុះមកធ្វើការបាញ់ពន្លត់ភ្លើងដែលកំពុងឆេះនេះឲ្យរលត់ទៅវិញជាស្ថាពរដោយមិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែខូចខាតបណ្តាញខ្សែភ្លើង និងខ្សែកាបអុបទិចតែប៉ុណ្ណោះ ហើយបន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានទាក់ទងទៅខាងអគ្គិសនីកម្ពុជា ចុះមកពិនិត្យនិងតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់វិញផងដែរ៕

ដោយ ៖ លោក អែល វិចិត្រ