តុលាការ​ឃុំខ្លួន​ប្រធាន​ក្រុមហ៊ុន FUGI និង​សហការី​ម្នាក់ ទាក់​ទិន​ករណី ឆបោក ប្រាក់​ពល​រដ្ឋ​រាប់លាន​ដុល្លារ

ភ្នំពេញ ៖ យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៧ នេះថា លោក ហន សុខេមរិន ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះ អាសន្ន លើជនត្រូវចោទ ២រូប ជាប្រធានក្រុមហ៊ុន FUGI Investment Excellence និងសហការីម្នាក់ ដែលបោក ប្រាក់ប្រជាពលរដ្ឋអស់រាប់លាន ដុល្លារ តាមរូបភាពវិនិយោគក្លែងក្លាយ។ ជនត្រូវចោទ២រូប ខាងលើទី១ឈ្មោះ លោក លី សែនលាភ ជាអគ្គនាយក ក្រុមហ៊ុន FUGI និងឈ្មោះ កញ្ញា សូ សុធារត្ន័ ជាអ្នកប្រមូល លុយពីអតិថិជនឲ្យ FUGI អ្នកទាំងពីរ ត្រូវបានកម្លាំងនគរបាលកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិឃាត់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន FUGI Investment Excellence ទីតាំងនៅលើផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបថា ក្នុងដំណាក់កាល អយ្យការជនត្រូវចោទ២រូប ត្រូវបានលោក លី សុផាណា ជាព្រះរាជអាជ្ញារង បានបើកការសើបសួរ ដោយចោទប្រកាន់ លើឈ្មោះ លី សែនលាភ និងឈ្មោះ សូ សុធារត្ន័ ពីបទ ឆបោកមានស្ថាន ទម្ងន់ទោស តាមមាត្រា២៧៧ និងមាត្រា២៨០ ក្រមព្រហ្មទណ្ឌកម្ពុជា។ គួរបញ្ជាក់ថា អតិថិជន ជាង១៥០នាក់ វិនិយោគជាមួយ ក្រុមហ៊ុន FUGI Investment Excellence ជាង៦លាន ដុល្លារ ដែល ក្រុមហ៊ុនសន្យាផ្តល់ជាការប្រាក់ជូនវិញ ដល់ទៅ៩.៨% ក្នុងមួយខែ ជារាងរាល់ខែ។ ប៉ុន្តែតាំងពីដាក់ លុយខែកក្កដា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន អតិថិជនទាំងអស់ មិនបានទទួលការប្រាក់ តាមអ្វីដែលក្រុមហ៊ុនបានកំណត់ និងសន្យានោះទេ ហើយអភិបាលក្រុមហ៊ុនបានព្យាយាមគេច វេសពីកាតព្វកិច្ចទទួល ខុសត្រូវ។ លោកឧត្តមសេនីយ៍ទោ មៀច សុរុទ្ធិកាដេវីត ក៏បានស្នើសុំមហាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគំរោងវិនិយោគរបស់បុគ្គល ឬក្រុមហ៊ុនណាដែល លួងលោមផ្តល់ការ ចំណេចខ្ពស់ហួសស្មានហើយ ស្រួលៗ និងទៀងពេក ដើម្បីកាត់បន្ថយហានិភ័យយើង ត្រូវចាញ់បោក គេអស់លុយអស់កាក់។ នាយកដ្ឋានកណ្តាលសន្តិសុខ ក៏ សូមរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ជួយបន្តផ្តល់ព័ត៌មាន ឬតំរុយសង្ស័យ បើជួបប្រទះករណី ឆបោកដូចខាងលើមក HOTLINE ២៤ ម៉ោងរបស់នាយកដ្ឋាន លេខ 031 20 12345 / 031 60 12345៕ ដោយ៖ សុខា