លម្អិត៖ ឃាតក ដែលសម្លាប់ស្រីស្នេហ៍របស់ លោក អនុ.ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកណ្តាល ញាត់ធុងទឹកកកយ៉ាងសាហាវ ពេលនេះចាប់បានហើយ

អត្ថបទទាំងស្រុង ដោយលោក ៖ អែល វិចិត្រ
កណ្តាល៖ ក្រោយពីមានករណីឃាតកម្មដ៏សាហាវឃោឃៅមួយបានកើតឡើង ដោយមានជនមិនស្គាល់មុខ បានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់ ទាំងអាក្រាតកាយ រួចញាត់សពចូលក្នុងធុងទឹកកកដោយមានចាក់សោ.ជាប់ខាងក្រៅ យកមកប្លង់ចោលនៅចិញ្ចើមផ្លូវមួយកន្លែងនៅម្តុំស្ពានព្រែកតាមាក់ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រួចមក ពេលនេះជនសង្ស័យជាឃាតក ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាឃាតក ខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងបន្តសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងខណ្ឌសែនសុខផងដែរ។

ជនសង្ស័យជាឃាតកខាងលើនេះនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយ ខណៈដែលឃាត់ខ្លួនបានភ្លាមៗ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួចបន្តបញ្ជូនជនសង្ស័យជាឃាតក រូបនេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរបន្តភ្លាមៗ។ ចំណែកជនរងគ្រោះដែលត្រូវគេសម្លាប់មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានទំនាក់ទំនងស្នេហា ជាមួយនឹងឈ្មោះ បែន មីនា ភេទប្រុស អាយុ៤៩ឆ្នាំ ដែលជាអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកណ្តាល តាំងពីមុនភ្ជុំមកម្ល៉េះ និងបានមកជួលបន្ទប់ជួលស្នាក់នៅជាមួយគ្នាទៀតផង ក្រោយមកក៏កើតមានរឿងរ៉ាវឃាតកម្មមួយនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទី ឈ្មោះ បែន មីនា ដែលជាអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកណ្តាល បានតេទូរសព្ទមកជួលបន្ទប់ជួលមួយកន្លែងក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ស្នាក់នៅជាមួយជនរងគ្រោះ ហើយចាប់តាំងពីថ្ងៃនោះមក ឈ្មោះ បែន មីនា និងសពនារីរងគ្រោះ បានចេញចូលបន្ទប់នោះជាធម្មតា តែមិនដែលឃើញឈ្មោះ បែន មីនា ដេកនៅបន្ទប់ជួលនោះទេ។ លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ម៉ោងប្រហែល១២និង០៩នាទី ឈ្មោះ បែន មីនា បានបើករថយន្តចូលមកទៀត ដោយឃើញមានមនុស្ស២នាក់ប្រុសម្នាក់ ស្រីម្នាក់ ជិះម៉ូតូម៉ាកសូរុះ ពណ៌ក្រហមលាយខ្មៅ ពាក់មួកការពារសុវត្ថិភាព ដោយអ្នកបើកម៉ូតូជាបុរសមានអាយុប្រហែល៣០ឆ្នាំ ចំណែកស្ត្រីដែលជិះពីក្រោយមានអាយុ២៩ឆ្នាំ បានមកឈប់ម៉ូតូក្បែរមាត់ទ្វារចូលផ្ទះជួល ហើយឈរសម្លឹងមើលឈ្មោះ បែន មីនា ។ ក្រោយមកក៏មានមនុស្សម្នាក់ទៀត ជិះម៉ូតូម៉ាកហុងដាសេ១២៥ មិនស្គាល់ស៊េរី មកឈប់នៅមាត់ទ្វារចូលផ្ទះជួល និងយកទូរសព្ទថតចំរថយន្តឈ្មោះ បែន មីនា ។ លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៤ល្ងាច ឈ្មោះបែន មីនា បានជិះរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស្ករ មិនចាំស្លាកលេខ មកដល់បន្ទល់ជួលរបស់ជនរងគ្រោះដើម្បីគិតថ្លៃទឹក ថ្លៃភ្លើង ព្រោះត្រូវប្តូរទៅជួលនៅម្តុំទួលពង្រវិញ ដោយស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាក Zoomer-X មិនចាំស្លាកលេខ ពាក់អាវពណ៌សដៃវែង ពាក់មួកសុវត្ថិភាព ពណ៌សឆ្នូតខ្មៅ ពាក់ម៉ាស់ ពណ៌ខៀវ ទ្រនាប់ជើង ចេញពីផ្ទះជួលទៅបាត់រហូតតែម្តង។

ក្រោយមក ស្រាប់តែនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ ត្រូវបានឃាតក កាប់សម្លាប់ហើយញាត់ក្នុងធុងទឹកកកយកមកប្លុងចោលនៅម្តុំស្ពានព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទើបសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទ ដែលមាននៅក្នុងកាបូបលុយជនរងគ្រោះ ស្រាវជ្រាវដឹងពីអត្តសញ្ញាណនៅទីតាំងស្នាក់នៅ។ លុះដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៥ល្ងាច សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំនិងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនឹងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះមកឆែកឆេរ និងត្រួតពិនិត្យបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានរកឃើញកាបូបលុយ កងដៃ រួមនិងសម្ភារៈរបស់នារីរងគ្រោះមួយចំនួននៅក្នុងបន្ទប់។ បន្ទាប់មកទៀត សមត្ថកិច្ចជំនាញអាចកំណត់មុខសញ្ញាជនសង្ស័យឃាតកបាន ទើបនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នេះ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងបន្តសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងខណ្ឌសែនសុខផងនោះ ទើបឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនឃាតក ដែលសម្លាប់ស្ត្រីរងគ្រោះបានតែម្តង ខណៈដែលជនសង្ស័យរូបនេះ កំពុងសម្ងំគេចខ្លួននៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រួចត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយបន្តបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលភ្លាមៗ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕