កម្លាំងនគរបាលបង្ក្រាប មេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដកហូតថ្នាំញៀន៥គីឡូក្រាម

(ព្រះវិហារ)៖ មេជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ទៀតហើយ រួមជាមួយថ្នាំញៀនប្រភេទម្ស៉ៅ និងគ្រាប់ប្រមាណ៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាល បង្ក្រាបនៅចំណុចព្រំដែនរវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

ជនសង្ស័យឈ្មោះ ប៊ី គិនខាន់ចាន់ថា ហៅ ស៊ីយង់ អាយុ៣៤ឆ្នាំ ជាជនជាតិឡាវ មានទីលំនៅភូមិគីឡូលេខ១៤ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ត្រូវបានចាប់ខ្លួននៅចំណុចកំពង់ស្រឡៅ ព្រំដែននៃប្រទេសទាំង២ ក្នុងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដោយដកហូតថ្នាំញៀនមេតំហេ្វតាមីន គ្រាប់ WY ចំនួន១ម៉ឺនគ្រាប់ ស្មើនឹង១គីឡូក្រាម និងមេតំហ្វេតាមីន ICE ទម្ងន់៤គីឡូក្រាម។

ក្រោយការចាប់ខ្លួន ជនសង្ស័យបាននិងវត្ថុតាង ត្រូវបាន នគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់៕