លោកស្រី Rhona Smith ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោកស្រី រ៉ូណ ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីវាយតំលៃពីការរកឃើញនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីរយ:ពេល១០ថ្ងៃ នៅកម្ពុជា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានលើកឡើងថា ប្រទេសកម្ពុជានៅតែទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលបានផ្ដល់ធនធានសម្រាប់ការលើកកំពស់កិច្ចការសង្គម ការទទួលបានការអប់រំការងារ និងកិច្ចគាំពារសុខភាពសមរម្យ។ លោកស្រីមានក្តីរីករាយ ចំពោះផែនការអភិវឌ្ឍន៍សន្តិសុខសង្គម និងមូលនិធិសមធម៌សុខភាព ដែលនឹងធ្វើការឈានទៅរកលទ្ធភាពទទួលបានកិច្ចគាំពារសុខភាពជាសាកល។ លោកស្រីបន្តថាប្រទេសកម្ពុជាបានប្ដេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព រួមបន្ថែមទាំងគោលដៅបោសសំអាតមីន និងគ្រាប់មីនមិនទាន់ផ្ទុះផងដែរ។

តាមលោកស្រី Rhona Smith ខណៈពេលដែលកម្ពុជា នឹងបង្ហាញពីផែនការមូលដ្ឋានរូបនីយកម្មនៃគោលដៅទាំងនេះ សម្រាប់អនុវត្តក្នុងប្រទេសរបស់ខ្លួនទៅកាន់ក្រុមការងារជាន់ខ្ពស់នាឆ្នាំក្រោយ ហើយដើម្បីធ្វើអោយសមិទ្ធិផលខាងសិទ្ធិសេដ្ឋកិច្ច និងសង្គមមានការចាក់ឫសយ៉ាងរឹងមាំ វាគឺជារឿងដ៏ចាំបាច់ ដែលយើងត្រូវគោរពឲ្យបាននូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ នៅក្នុងរបាយការណ៍របស់លោកស្រី រ៉ូណា ស្មីត ក៏បានស្វាគមន៍ផងដែរ ចំពោះការបង្កើតគោលនយោបាយថ្នាក់ជាតិស្ដីពីការជំនួយផ្នែកច្បាប់ និងជំរុញឲ្យគម្រោងនេះ ត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ និងមានធនធានគ្រប់គ្រាន់៕