រថយន្តដឹកប្រេងឥន្ទនៈក្រុមហ៊ុន LHR គាំងចង្កូតក្រឡាប់ផ្ងាជើងម្ខាង

ដោយ៖ អែល វិចិត្រ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង ដោយមានរថយន្តដឹកស៊ីទែនប្រេងឥន្ទនៈរបស់ក្រុមហ៊ុន LHR មួយគ្រឿង ត្រឡប់មកពីដឹកប្រេងយកទៅឲ្យម៉ូយវិញ ស្រាប់តែគាំងចង្កូតក្រឡាប់រថយន្ត បះជើងច្រង៉ាងធ្លាក់ពីលើផ្លូវទំនប់៧មករា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវទំនប់៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌ពីអ្នកបើករថយន្តឈ្មោះ គឹម ហាន ភេទប្រុស អាយុប្រមាណ៣០ឆ្នាំជាង បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តដឹកស៊ីទែនប្រេងឥន្ទនៈរបស់ក្រុមហ៊ុនLHR ស្លាកលេខ ក-១៥៣៩ ភព៣ ធ្វើដំណើរជាមួយព្រូរថយន្តម្នាក់ទៀត ដឹកប្រេងចេញពីម្តុំអូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ យកទៅឲ្យម៉ូយនៅស្រុកស្អាង ខេត្តកណ្តាល។ លុះត្រឡប់មកវិញបានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧មករា ពីកើតមកលិច ដល់ចំណុចកើតហេតុ ស្រាប់តែគាំងចង្កូតរថយន្ត បណ្តាលឲ្យក្រឡាប់ ធ្លាប់ពីលើផ្លូវតែម្តង បណ្តាលឲ្យអ្នកបើកបរថយន្តរបួសស្រាល ចំណែកព្រូរថយន្តម្នាក់ទៀត មិនមានរងរបួសអ្វីនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅធ្វើការពិនិត្យ ប៉ុន្តែដោយសារតែករណីនេះកើតឡើងដោយខ្លួនឯង និងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដ៏ទៃ ទើបសមត្ថកិច្ចសម្រេចឲ្យខាងក្រុមហ៊ុន ហៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង៕