ជួយShareផង! បុរសម្នាក់មិនដឹងដើរមកពីណាទេ មានស្នាមកោសខ្យល់ពេញខ្លួនអង្គុយផ្ទាល់ដីស្លាប់នៅរបងផ្ទះប្រជាពលរដ្ឋ

ដោយ៖ អែល វិចិត្រ
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានអង្គុយផ្ទាល់ដី ផ្អែកនឹងរបងផ្ទះប្រជាពលរដ្ឋដែលនៅជាប់ចិញ្ចើមផ្លូវទល់មុខនឹងវត្តពោធិ៍ញៀន ដោយមានស្នាមកោសខ្យល់ពេញខ្លួន រហូតស្លាប់ទាំងសភាពអង្គុយ ត្រូវបានប្រជាពលរដ្ឋដាក់សពឲ្យដេកផ្ទាល់នៅលើចិញ្ចើមផ្លូវគួរឲ្យអាណិតបំផុត ។

ករណីនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋចោមរោមមើល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចរបងផ្ទះប្រជាពលរដ្ឋជាប់នឹងផ្លូវបេតុង ខាងមុខនឹងវត្តពោធិ៍ញៀន ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុស មានវ័យប្រហែល៣០ឆ្នាំជាង គ្មានពាក់អាវ ស្លៀកតែខោជើងវែង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ទាល់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានស្គាល់ឬដឹងថាជនរងគ្រោះដើរមកពីណានោះទេ ស្លៀកតែខោគ្មានអាវ បានមកអង្គុយផ្អែកនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋជាប់នឹងផ្លូវបេតុង ខាងមុខវត្តពោធិ៍ញៀន ក្នុងសភាពហូរទឹកមាត់ និងមើលទៅដូចជាគ្មានកម្លាំងកំហែង លុះដល់ម៉ោងកើតហេតុ ស្រាប់តែឃើញផ្គាប់មុខដួលទាំងសភាពអង្គុយ ទើបនាំគ្នាមកមើល ទើបដឹងថាជនរងគ្រោះស្លាប់ទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋមានការអាណិតអាសូរ បានទិញកំណាត់ស មកគ្របសព និងដាក់លុយក្នុងកញ្ចប់ថង់ទុកសម្រាប់ចូលបុណ្យសពផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកពិនិត្យសពជនរងគ្រោះបានឲ្យដឹងថាសពជនរងគ្រោះពិតជាស្លាប់ដោយសារតែអាការៈខ្យល់គ ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះឡើយ រួចបានដឹកយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីបន្តទៀត៕